Thursday, February 4, 2016
លោក សុខ ទូច៖ វៀតណាមមិនដែលគោរពកិច្ចព្រមព្រៀងព្រំដែនជាមួយកម្ពុជា
ប្រធានក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ប្រទេសវៀតណាម ពុំដែលបានគោរពកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលសន្យាមិនបំពានគ្នារឿងដីនៅជាប់ព្រំដែន។ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយរូបនោះ យល់ឃើញថា វាគួរឲ្យសោកស្ដាយដែលមកដល់ពេលនេះទៅហើយ រដ្ឋាភិបាលវៀតណាម នៅតែមិនអនុវត្តគោលការណ៍លើដីទំនាស់ ១៦ហិកតារ ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
ប្រធានផ្នែកស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា ហៅការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាលវៀតណាម ម្ដងហើយម្ដងទៀត ចំពោះកិច្ចសន្យាលើដីទំនាស់នៅតាមខ្សែបន្ទាត់ព្រំដែនលើទីតាំងខ្លះថា ជាការគួរឲ្យហួសចិត្ត និងថា នេះជាកលល្បិចរបស់វៀតណាម ចង់ធ្វើឲ្យកម្ពុជា ខាតប្រយោជន៍ធំ រឿងទឹកដី។
ការថ្លែងដូចនេះរបស់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា ធ្វើឡើងក្នុងសន្និសីទកាសែត នៅថ្ងៃទី៤ កុម្ភៈ។ ថ្លែងបណ្ដើរ ដោះអាវធំចេញបណ្ដើរ និងអមដោយសំដីម៉ាត់ៗផងនោះ លោក សុខ ទូច ហៅការមិនគោរពកិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម ថា ជាការបង្កឲ្យកម្ពុជា ត្រូវបាត់បង់ដីដែលមានជីជាតិល្អ។ ម្យ៉ាងវិញទៀត លោកយល់ឃើញថា នេះជាការគួរឲ្យហួសចិត្តនៅពេលវៀតណាម បន្តរំលោភលើកិច្ចព្រមព្រៀងដែលសន្យាមិនទន្ទ្រានចូលក្នុងអធិបតេយ្យរៀងៗខ្លួនលើដីដែលមានទំនាស់។ ការរកឃើញដូចនេះរបស់លោក សុខ ទូច គឺលោកអះអាងថា សំដៅដីមានវិវាទប្រមាណ ១៦ហិកតារ នៅខេត្តត្បូងឃ្មុំ។ លោកបន្តថា «ប៉ុន្តែវាអកុសលនៅពេលដែលយើងទៅដល់នោះ វៀតណាម ឥតគោរពនូវកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ។ ហេតុអីកម្ពុជា? អ្នកចាំបាញ់ថ្នាំ ព្រោះអីអ្នកឯងនិយាយអ្នកណាធ្វើអីត្រូវធ្វើកន្លែងហ្នឹង ប៉ុន្តែវៀតណាម ឥតគោរព។ ហេតុអីបានជាវៀតណាម ទៅបាញ់ថ្នាំ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំប្រតិកម្មពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានភ្លាមៗទេ នៅថ្ងៃទី៤ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលតែពុំមានអ្នកឆ្លើយតប។
យ៉ាងនេះក្ដី លោក សុខ ទូច រកឃើញថា ការចុះស្រាវជ្រាវរកបង្គោលព្រំដែនក្នុងរយៈពេល ៣ខែកន្លងទៅនេះ ជាលទ្ធផលគឺបង្គោលចំនួន ១ពាន់បង្គោលដែលបានរកឃើញ គឺបង្គោលខ្លះបានបោះចូលទៅក្នុងទឹកដី និងភូមិរបស់វៀតណាម។ ការចុះរុករកបង្គោលព្រំដែននេះ គឺរាជបណ្ឌិត្យសភាទើបតែដំណើរការបាន ៥០០គីឡូម៉ែត្រនៅឡើយទេ ពោលគឺនៅសល់ប្រមាណ ៧៧០គីឡូម៉ែត្រទៀតទើបបញ្ចប់ជាស្ថាពរ។
ឆ្លៀតពេលដែលធ្វើបទបង្ហាញនោះ លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនផង បានចោទប្រកាន់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថា បានតែរិះគន់រដ្ឋាភិបាល ក៏ប៉ុន្តែផ្ទុយទៅវិញ បក្សប្រឆាំងពុំដែលបានផ្ដល់កិច្ចសហការឲ្យបានដុំកំភួនអ្វី ក្រៅពីអង្គុយចាំតែថា និងវាយប្រហារប៉ុណ្ណោះទេ។ លោកបន្ថែមថា ទាំងព្រំដែនក៏មិនប្រាកដ ហើយឯកសារមិនច្បាស់លាស់ថែមទៀតផង។ ទាំងនេះគឺជារបៀបដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងតែងអនុវត្ត ហើយបានក្លាយជាទម្លាប់ទៅហើយ។ លោកបន្តថា «ប្រាប់ថាផែនទីល្អណាស់ អស្ចារ្យណាស់ ត្រឹមត្រូវណាស់បងប្អូនអើយ ទៅយកមកបានតែ ២៤ផ្ទាំង។ មើលអាហ្នឹងកូរមិនកូរ? ថ្ងៃមុន អ៊ុំ សំអាន ទៅលើកផែនទីនៅអាមេរិក អូរផែនទីនេះល្អណាស់។ នេះនៅក្នុងម៉ាស៊ីនខ្ញុំទាំងអស់។ ប្រើបានតែ ១០ផ្ទាំងទេ»។
ឆ្លើយតបរឿងនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅសហរដ្ឋអាមេរិក និង ផ្ដល់សម្ភាសន៍តាមទូរស័ព្ទមកថា អ្វីដែលលោក សុខ ទូច លើកឡើងបែបនេះ គឺការព្យាយាមការពារភាពស្អាតស្អំឲ្យរដ្ឋាភិបាលប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបាត់បង់ដីនៅតាមព្រំដែនវាជាការពិត ហេតុនេះការចោទប្រកាន់របស់លោក សុខ ទូច ប្រឆាំងអ្នករិះគន់គឺជាការព្យាយាមលាងខ្លួនពីកំហុស។ លោកបន្តថា «ការបកស្រាយរបស់គាត់ គឺដើម្បីការពាររដ្ឋាភិបាលតែប៉ុណ្ណោះ ព្រោះគាត់បានបញ្ជាក់ហើយថា គាត់ជាមន្ត្រីរបស់រដ្ឋាភិបាល»។
លោក អ៊ុំ សំអាន យល់ឃើញថា ផែនទីដែលកម្ពុជា ផ្ទៀងផ្ទាត់កន្លងទៅ រួមមានផែនទីពីអង្គការសហប្រជាជាតិ និងផែនទីពីប្រទេសបារាំង ផង គឺសុទ្ធតែមានភាពខ្វះខាត និងមិនគ្រប់គ្រាន់ទាំងអស់ ដូចអ្វីដែលគណបក្សប្រឆាំងរកឃើញដែរ។ ក៏ប៉ុន្តែតំណាងរាស្ត្រគណបក្សក្រៅរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា ដំណើរការដែលអាចផ្ទៀងផ្ទាត់ទៅបាន កាលណោះគឺមានផ្ទាំងនៃផែនទីខ្លះរកផែនទីដែលមានខ្នាតផ្សេងមកជំនួសប៉ុណ្ណោះ។
ពាក់ព័ន្ធរឿងនេះ លោក រស់ រ៉ាវុធ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ដែលឃ្លាំមើលបទបង្ហាញរបស់លោក សុខ ទូច ពេញមួយព្រឹកនៅថ្ងៃទី៤ កុម្ភៈ ហាក់មានភាពអល់អែកក្នុងការអត្ថាធិប្បាយចំពោះការរកឃើញរបស់ក្រុមស្រាវជ្រាវនេះ។ បើទោះជាយ៉ាងណា លោក រស់ រ៉ាវុធ យល់ឃើញថា ថ្វីបើនៅពេលនេះ គេពិបាកសន្និដ្ឋានថា ការរកឃើញរបស់ក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាខុស ឬត្រូវ វាក៏ជាមធ្យោបាយល្អដែរសម្រាប់មនុស្សជំនាន់ក្រោយ។ លោកបន្តថា «ការស្រាវជ្រាវនេះយើងសង្កេតឃើញថាមិនមែនគេហៅថាចេះចាត់ចែង និងបោះបង្គោល ឬយ៉ាងណាទេ គឺស្រាវជ្រាវគ្រាន់តែឲ្យឃើញ ដើម្បីសម្គាល់ថាបង្គោលនេះនៅខាងណា បង្គោលមានលក្ខណៈយ៉ាងម៉េច ហើយស្ថិតនៅទីតាំងណា»។
ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រមាណ ១.២៧០គីឡូម៉ែត្រ។ តាមគម្រោងរបស់រដ្ឋាភិបាលកន្លងមក ការបោះបង្គោលព្រំដែនត្រូវបញ្ចប់នៅចុងឆ្នាំ២០១២។ ក៏ប៉ុន្តែមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលធ្លាប់បញ្ជាក់ថា មូលហេតុនៃភាពយឺតយ៉ាវនេះ ដោយសារមានរឿងខ្លះទៀតដែលត្រូវដោះស្រាយ។ ហេតុនេះទើបគម្រោងត្រូវបន្តពន្យារពេលរហូតមកដល់ពេលនេះទៀត។ ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដំណើរការទៅបានប្រមាណ ៧០ភាគរយហើយ។ បើទោះជាបែបណា សង្គមស៊ីវិល និងគណបក្សប្រឆាំងនៅតែចាត់ទុកការស្រាវជ្រាវនេះថា មិនអាចជឿទុកចិត្តបានពីភាពត្រឹមត្រូវដូចការអះអាងនោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment