Wednesday, February 3, 2016

ឃាត់ខ្លួន​ បុគ្គលិក OPEN NET ម្នាក់ ​ក្នុង​ចំណោម​៤​នាក់ ​ពេល​ធ្វើ​សកម្មភាព​ កាច់​.​ក​ម៉ូតូ

ខេត្តសៀមរាប ៖ ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​ខេត្ត​ បាន​ចុះ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ជា​បុគ្គលិក​ របស់​ក្រុមហ៊ុន OPEN NET ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ ដែល​បាន​លួច​កាច់ក​ម៉ូតូ រួច​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​តុលាការ ។ ហេតុការណ៍​ឃាត់ខ្លួន ​ជនសង្ស័យ​ខាងលើ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ ភូមិ​មណ្ឌល​១ សង្កាត់​សា្វ​យ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​ កំពុង​ធ្វើ​សកម្មភាព ​នៅ​តាម​មាត់​ស្ទឹង ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល ​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ ចុះ​សហការ​ជាមួយ​ កម្លាំង​អធិការដ្ឋាន ​នគរបាល​ក្រុង និង​នគរបាល​ប៉ុស្តិ៍​ សង្កាត់​ស្វាយ​ដង្គំ ដោយ​មានការ​សហការ​ល្អ ជា​មួយ​ពលរដ្ឋ ទើប​ឈាន​ដល់ ​ធ្វើការ​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​៤​នាក់​ ភា្ល​ម​ៗ​ផង​ដែរ ។ លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ ​កម្រិត​ស្រាល ​ខេត្តសៀមរាប បានឱ្យ​ដឹង​ នៅ​ថ្ងៃ​ទី​០៣​កុម្ភៈ​នេះ​ថា ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​៤​នាក់ ដែល​ចាប់ខ្លួន​បាន​ មានឈ្មោះ យោន វី​ណា អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក ​របស់​ក្រុមហ៊ុន OPEN NET មាន​ទីតាំង​ ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មានស្រុក​កំណើត ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន ក្រុង​/​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​ជួល​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ លោក​បន្ត​ថា ខណៈ​ពេល​ដែល​ ចាប់​ឃាត់ខ្លួន​បាន ​ជនសង្ស័យ​ខាងលើ​ រួច​នាំ​យក​មក​សួរ​នៅ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល ​នៃ​ស្នងការ​ខេត្តសៀមរាប មូលហេតុ​ដោយសារ​តែ ​ជន​នេះ​បាន​ជាប់​ពាក់ព័ន្ធ ករណី​ល្មើស​ជា​ច្រើន ​ដូច​ជា​លួច​កាច់​សោ​.​ក​ម៉ូតូ ក្លែងបន្លំ​ឯកសារ​ម៉ូតូ ដូច​ជា ធ្វើ​ស្លាក​លេខ និង​កាត​គ្រី​ក្លែងក្លាយ​ជាដើម ។ លោកនាយ​កា​រិ​យាយ​ល័យ​បន្ត​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ យោន វី​ណា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ និង​បក្ខពួក​ផ្សេង​ទៀត ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ លួច​ម៉ូតូ​របស់​ជន​ រង​គ្រោះ​ តាម​រូបភាព​ផ្សេង​ៗ​ដូច​ជា ធ្វើ​ជា​អ្នកទិញ​ដី​/​លក់​ដី រួច​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ ​ជិះ​ធ្វើ​ជា​ជ្រុះ​លុយ ពេល​ជន​រង​គ្រោះ ចុះ​រើស គ្នីគ្នា​ផ្សេង​ទៀត​មក​លួច​យក ​ម៉ូតូ​តែ​ម្តង ។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ ជនសង្ស័យ​ខាងលើ ​រួច​មក កម្លាំង​ជំនាញ​ បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ជន​រង​គ្រោះ​ ២​គ្រឿង និង​ម៉ូតូ​ របស់​ជនសង្ស័យ សម្រាប់​ជិះ ​ធ្វើ​សកម្មភាព ​១​គ្រឿង​, ស្លាក​លេខ​ដោះ​ទុក ​សម្រាប់​ដូរ​ ចំនួន​៣​មាន (​សៀមរាប 1L-5371, សៀមរាប 1T-5702 និង កំពង់ធំ 1F-8349), មួក​សុវត្ថិភាព​២ ,​ម៉ាស៊ីន​ឆាប​ថ្ម​១, ម៉ែត្រ​១, កញ្ចក់​ម៉ូតូ​៤​គូ និង​ឧបករណ៍​មួយ​ចំនួន​ធំ ​ផង​ដែរ ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង ​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​មួយ​ចំនួន​ ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ តាម​ផ្លូវច្បាប់ ។ លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ ​នគរបាល​ព្រហ្មទណ្ឌ​ កំរិត​ស្រាល ​នៃ​ស្នងការ​ខេត្ត សូម​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស ​ខេត្តសៀមរាប បើ​បងប្អូន ​បាន​បាត់​ម៉ូតូ សូម​មក​ទាក់ទង​នៅ​ ការិយាល័យ​នគរបាល ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការ​ ខេត្តសៀមរាប ៕

No comments:

Post a Comment