Thursday, February 4, 2016
នគរបាលខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន ឃាត់ជនសង្ស័យ៤នាក់ ថ្នាំ៣១កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យ៤នាក់ និងថ្នាំញៀន៣១កញ្ចប់ (ធំ២ និងតូច២៩កញ្ចប់ ព្រមទាំងថ្នាំយ៉ាម៉ា ជិត២០០គ្រាប់ ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យ បង្ក្រាបនិងចាប់ខ្លួន កាលវេលាម៉ោង ប្រមាណ១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ។
លោក តេង ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានអោយដឹងថាក្រៅពីការដកហូត ថ្នាំចំនួន៣១កញ្ចប់នោះ កម្លាំងនគរបាលក៏បានរកឃើញថ្នាំគ្រាប់ជិត២០០គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់ជក់ និងប្រើប្រាស់មួយចំនួន ផងដែរ។
លោកអធិការនគរបាល បានបញ្ជាក់ទៀតថា ទទួលបានបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌនគរបាល ដឹកនាំដោយរូបលោកផ្ទាល់ បានបន្តប្រតិបត្តិការ ធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ និងវត្ថុតាងជាក់ស្តែងតែម្តង។ ក្រោយចុះបង្ក្រាបជនសង្ស័យ ត្រូវបានបញ្ជូន ទៅសួរនាំភ្លាមៗ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ។
សូមរំលឹកថា កាលពីថ្ងៃទី៤ កុម្ភៈ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានព្រមានដល់អធិការ និងមេប៉ុស្តិ៍ទូទាំងរាជធានីភ្នំពេញ ប្រសិនបើថ្នាក់អធិការណាចុះទៅបង្ក្រាបគ្រឿងញៀន ក្នុងមូលដ្ឋានមេប៉ុស្តិ៍ណាមួយចាប់ពី២ដងឡើងទៅ គឺត្រូវតែដកមេប៉ុស្តិ ។ ហើយប្រសិនបើ ខាងស្នងការដ្ឋានចុះបង្ក្រាប គ្រឿងញៀននៅក្នុងដែនដីអធិការ ណាមួយចាប់ពី២ដង គឺអធិការនោះ នឹងត្រូវដកចេញពីតំណែង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment